សោកស្ដាយ! កូនក្រមុំវ័យក្មេងម្នាក់ ទៅបូមខ្លាញ់ដើមដៃត្រៀមរៀបការ តែត្រូវស្លាប់បន្ទាប់ពីគ្រូពេទ្យចាក់ថ្នាំស្ពឹក

ម៉ាឡេស៊ី៖ កូនក្រមុំវ័យ​២៣ឆ្នាំម្នាក់ ឈ្មោះ Coco Siew បានស្លាប់បាត់ប​ង់ជីវិត បន្ទាប់​​បូមសម្រក​ខ្លាញ់ដើមដៃនៅ​សាឡនគ្មាន​អាជ្ញាបណ្ណ​មួយ​កន្លែង​នៅទី​ក្រុងគូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី ដោយចំណាយអស់ទឹកប្រាក់ជាង៦០០ដុល្លារអាមេរិក។

យោងតាមប្រភពព័ត៌មាន​ បានឲ្យដឹងថា នៅ​ថ្ងៃ​ទី១៧ ខែ​តុលា ឆ្នាំ ២០២០ ដែល​ត្រូវ​ជា​ថ្ងៃ​កើត​ហេតុ នៅមុន​ពេល​ឈាន​ដល់​ការ​បូម​ខ្លាញ់ នាង​ត្រូវ​បាន​ខាង​សាឡនចាក់​ថ្នាំ​ស្ពឹក ហើយពេលនោះចង្វាក់បេះដូងរបស់នាងបានធ្លាក់ចុះ និងចាប់ផ្ដើមប្រកាច់។ ភ្លាមៗនោះ នាងក៏ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ តែអកុសលគ្រូពេទ្យមិនអាចជួយសង្រ្គោះបានទេ ហើយនាងបានបាត់បង់ជីវិតនៅថ្ងៃនោះតែម្ដង។

ជុំវិញករណីនេះ ក្រុមគ្រួសាររបស់នាង Siew ក៏បានដាក់ពាក្យបណ្ដឹងទៅកាន់ប៉ូលិសផងដែរ។ ហើយបន្ទាប់ពីបងប្រុសរបស់នាង បានសួរដេញដោលម្ចាស់សាឡននោះម្ដងហើយម្ដងទៀត ទើបដឹងថាសាឡនរបស់ពួកគេ ពុំមានអាជ្ញាបណ្ណអនុញ្ញាតឲ្យធ្វើការកែសម្ផស្សបែបវេជ្ជសាស្ត្រឡើយ ដោយមានត្រឹមតែអាជ្ញាបណ្ណ​សម្រាប់ព្យាបាលសម្ផស្សធម្មតាៗប៉ុណ្ណោះ។

សារព័ត៌មានក្នុងស្រុកបានរាយការណ៍ដែរថា ក្រៅពីនាង Siew មានមនុស្សយ៉ាងហោចណាស់១០នាក់ ក៏ធ្លាប់បានកែសម្ផស្សនៅទីនោះផងដែរ។

យ៉ាងណាមិញ លោក Xiao បាននិយាយថា ប្អូនស្រីរបស់លោកដែលមានអាជីពជាតារាម៉ូដែល ហើយនាងមានសុខភាពល្អណាស់។ ដូច្នេះលោកសង្ឃឹមថា ការស្លាប់របស់នាងនឹងក្លាយជាការព្រមានដល់នារីវ័យក្មេងដទៃទៀត ដែលមានបំណងចង់កែសម្ផស្ស៕

សូមទស្សនារូបភាពខាងក្រោម៖

Leave a Reply