ករណីបំផ្ទុះគ្រាប់បែកនៅសាលាសាសនាមួយ ក្នុងប្រទេសប៉ាគីស្ថាន បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧នាក់

ប៉ាគីស្ថាន៖ យោងតាមមន្ដ្រីអាជ្ញាធរ និងមន្ទីរពេទ្យបានឲ្យដឹងថា ករណីបំផ្ទុះគ្រាប់បែកដ៏រន្ធត់ នៅឯពិធីសិក្ខាសាលាសាសនាមួយក្នុងទីក្រុង ​Peshawar ប្រទេសប៉ាគីស្ថាន នាថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២០នេះ បានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ៧នាក់ស្លាប់ ដោយក្នុងនោះរួមមានកុមារ ៤នាក់ផងដែរ ហើយមនុស្ស១១២នាក់ផ្សេងទៀតរងរបួស។

ជុំវិញហេតុការណ៍ខាងលើនេះ មិនទាន់មានការអះអាងជាផ្លូវការណ៍ណាមួយត្រូវបានបញ្ជាក់នៅឡើយទេ ខណៈមន្ដ្រីប៉ូលិស សូមមិនបញ្ចេញអត្ដសញ្ញាណម្នាក់ ដែលរស់នៅភាគពាយព្យនៃទីក្រុងបាននិយាយថា មុនពេលកើតហេតុគេឃើញមនុស្សមិនស្គាល់អត្ដសញ្ញាណ បានដាក់គ្រឿងផ្ទុះនៅក្នុងថង់ផ្លាស្ទិក។ ជាមួយគ្នានេះដែរ លោក Mohammad Ali Gandapur ជាប៉ូលិសនៅទីក្រុង Peshawar បានឲ្យដឹងថា គ្រាប់បែកនោះ ផ្ទុកនូវគ្រឿងផ្ទុះរហូតដល់ទៅប្រមាណ ៦គីឡូក្រាមឯណោះ។

អ្នកស្រុកម្នាក់ ឈ្មោះ Abdul Rahim ដែលមានបងប្អូនជីដូនមួយដែលស្ថិតក្នុងចំណោមអ្នករងរបួស បាននិយាយថា អ្នកចូលរួមសិក្ខាសាលាភាគច្រើនជានិស្សិតពេញវ័យ ហើយមានមនុស្សច្រើនណាស់កំពុងសិក្សានៅទីនោះ នៅពេលមានការផ្ទុះឡើង។

គួរបញ្ជាក់ថា ទីក្រុង Peshawar ដែលនៅជិតព្រំដែនជាមួយប្រទេសអាហ្វហ្គានីស្ថាន តែងតែត្រូវបានញាំញីដោយអំពើហិង្សាជ្រុលនិយមជាយូរណាស់មកហើយ។ ហើយបើទោះបីជាចំនួនឧប្បត្ដិហេតុនៅក្នុងទីក្រុង ក៏ដូចជាប្រទេសបាគីស្ថានបានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ ប៉ុន្ដែនៅឆ្នាំនេះ ការវាយប្រហារទៅលើកម្លាំងសន្ដិសុខនៅខេត្ដ Khyber Pakhtunkhwa នៃរដ្ឋធានី Peshawar ហាក់មានការកើនឡើងសាជាថ្មី៕

សូមទស្សនារូបភាពខាងក្រោម៖

Leave a Reply