ក្រោយបញ្ចប់ការប្រឡងជាង ៣ឆ្នាំមកនេះ ទីបំផុត រ៉ន ចាន់ឌីន ក្លាយជាសមាជិករបស់ផលិតកម្មហង្សមាសហើយ (មានវីដេអូ)

ភ្នំពេញ៖ កុមារី រ៉ន ចាន់ឌីន ដែលមហាជនភាគច្រើនបានស្គាល់រូបប្អូនតាមរយៈការចូលរួមប្រឡងក្នុងកម្មវិធីកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kid Cambodia រដូវកាលទី២ ពេលនេះបានសម្រេចចិត្តក្លាយជាតារាចម្រៀងកុងត្រាក្នុងផលិតកម្មហង្សមាសហើយ ក្រោយបញ្ចប់ការប្រឡងប្រជែងអស់រយៈពេលជាង ០៣ឆ្នាំ មកនេះ។

កុមារី រ៉ន ចាន់ឌីន ធ្លាប់ទទួលបានការគាំទ្រមិនធម្មតា នៅពេលដែលប្អូនក្លាយជាកូនក្រុមរបស់គ្រូបង្វឹក ឱក សុគន្ធកញ្ញា ហើយមានឱកាសច្រៀងនូវបទចម្រៀងបុរាណនៅលើឆាកប្រឡងប្រជែងដ៏ធំមួយនេះ។

យ៉ាងណាមិញ អ្នកគាំទ្ររបស់ប្អូនតែងតែចោទនូវសំណួរជាច្រើនទៅកាន់ផលិតកម្មហង្សមាស ខណៈដែលមិនផ្តល់ឱកាសឱ្យប្អូនក្លាយជាតារាចម្រៀងសោះឡើយ ស្របពេលដែលកុមាររួមជំនាន់ជាច្រើនមានឱកាសដូចជា ពេជ្រ ថៃ ឡុង លីងគ័ង្គ សុខ សុជាតា និង ឃុយ ម៉ីហៀង ជាដើម។

ក្នុងនោះផងដែរបទចម្រៀងដំបូងរបស់កុមារី រ៉ន ចាន់ឌីន នៅក្នុងផលិតកម្មយក្សប្រចាំប្រទេសកម្ពុជាមួយនេះមានចំណងជើងថា “ស្រុកស្រែខែវស្សា” ដែលជាស្នាដៃនិពន្ធទំនុកច្រៀងដោយលោកគ្រូ សុំ សារឿន និងនិពន្ធបទភ្លេងដោយលោកគ្រូ ញូង សារិន៕

Leave a Reply