រកឃើញថ្មប៉ប្រះទឹក ដែលមានកម្ពស់ខ្ពស់ជាងអាគារនៅទីក្រុងញូវយ៉កទៅទៀត

អូស្ត្រាលី៖ អ្នកវិទ្យាសាស្ត្របាននិយាយថា ផ្កាថ្មប៉ប្រះទឹកដ៏ធំសម្បើមមួយត្រូវបានគេរកឃើញនៅចុងខាងជើងនៃតំបន់ Great Barrier Reef របស់ប្រទេសអូស្ត្រាលី ដែលជារបកគំហើញដំបូងបង្អស់ ក្នុងរយៈពេល១២០ឆ្នាំនេះ។ ដោយមានកម្ពស់៥០០ម៉ែត្រ ថ្មប៉ប្រះទឹកនេះមានកម្ពស់ ខ្ពស់ជាងអាគារ Empire State Building របស់ទីក្រុងញូវយ៉កនិងអាគារភ្លោះ Petronas Twin Towers នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ីទៅទៀត។

ក្រុមអ្នកវិទ្យាសាស្ត្រចំណាយពេល១២ខែ បានរកឃើញរចនាសម្ព័ន្ធដ៏ធំមួយនេះ ស្របពេលកំពុងបង្កើតផែនទី 3D នៃបាតសមុទ្រក្នុងតំបន់នោះ។ អ្នកស្រាវជ្រាវមួយក្រុមដែលគ្រប់គ្រងដោយវិទ្យាស្ថាន Schmidt Ocean Institute (SOI) ដែលជាក្រុមមិនរកប្រាក់ចំណេញនិងមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា បានប្រើប្រាស់រ៉ូបូតក្រោមទឹក ដើម្បីរុករកថ្មប៉ប្រះទឹក។

ការរួមបញ្ចូលគ្នាដ៏មានអនុភាពនៃទិន្នន័យផែនទីនិងរូបភាពក្រោមទឹក នឹងត្រូវបានជ្រើសរើសប្រើ ដើម្បីយល់ដឹងអំពីថ្មប៉ប្រះទឹកថ្មីនេះ និងតួនាទីរបស់វានៅក្នុងតំបន់បេតិកភណ្ឌពិភពលោកដ៏អស្ចារ្យ មិនគួរឲ្យជឿ។

តំបន់ Great Barrier Reef គឺជាកន្លែងសម្រាប់ផ្កាថ្មប៉ប្រះទឹកធំជាងគេបំផុត នៅលើពិភពលោក ដែលជាទីជម្រករបស់ត្រីជាង១,៥០០ប្រភេទ ផ្កាថ្ម៤១១ប្រភេទ និងប្រភេទសត្វជាច្រើនផ្សេងទៀត។ ដោយលាតសន្ធឹងលើចម្ងាយ២,៣០០គីឡូម៉ែត្រ តំបន់ថ្មប៉ប្រះទឹកនេះត្រូវបានគេដាក់បញ្ចួល ជាសម្បត្តិបេតិកភណ្ឌពិភពលោក ក្នុងឆ្នាំ១៩៨១ សម្រាប់សារៈសំខាន់ខាងវិទ្យាសាស្ត្រ និងសារធាតុចិញ្ចឹមដ៏ធំសម្បើម៕

Leave a Reply