ខ្ជូតខ្លាំងណាស់! ក្មេងស្រីជប៉ុនអាយុ២ឆ្នាំម្នាក់នេះ កំពុងអង្រួនបេះដូងអ្នកលេងអ៊ីនធឺណេត ដោយការឡើងប្រឡងចម្រៀង (មានវីដេអូ)

ជប៉ុន៖ ក្មេងស្រីជប៉ុនអាយុ២ឆ្នាំម្នាក់ឈ្មោះថា ណូណូកា មូរ៉ាកាតា មានភាពល្បីល្បាញយ៉ាងខ្លាំងនៅលើបណ្ដាញអ៊ីនធឺណេត ដោយសារកាយវិការនិងការច្រៀងចម្រៀងមួយបទដែលមានចំណងជើងថា «ឆ្កែប៉ូលិស» (いぬのおまわりさん) នៅក្នុងកម្មវិធីប្រឡងចម្រៀងកុមារលើកទី៣៥ ដែលប្រព្រឹត្តទៅនៅសង្កាត់រ៉ុបប៉ុនជី ទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្មេងស្រីរូបនេះបានឈ្នះមេដាយប្រាក់ តាមរយៈការប្រកួតប្រជែងដ៏ខ្លាំងកំពូលផងដែរ។ ចម្រៀងមួយបទនេះរៀបរាប់ពីឆ្កែប៉ូលិស ដែលបានជួបកូនឆ្មាតូចកំពុងតែយំ ព្រោះវង្វេងផ្លូវ។ បទចម្រៀងដែលក្មេងស្រីតូច ណូណូកា បានលើកយកមកបកស្រាយ មានអ្នកចូលទស្សនានៅលើយូធូប ដល់ទៅរាប់លាននាក់ឯណោះក្នុងរយៈពេលដ៏ខ្លី។

មហាជនមានការខ្នាញ់មាឌដ៏តូចរបស់ក្មេងស្រីជប៉ុនរូបនេះ ហើយបង្កើតជាចម្ងល់ថាតើក្មេងរូបនេះមានកម្ពស់ប៉ុន្មាន។ បើយោងតាមការបង្ហោះរបស់ម្ដាយក្មេងស្រីរូបនេះបានបញ្ជាក់ថា ណូណូកា មានកម្ពស់៨៤សង់ទីម៉ែត្រ ដែលធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ សំឡេងដ៏ស្រួយស្រែសរបស់នាងតូចបានឆក់យកបេះដូងមហាជន មិនស្រលាញ់មិនបាន ព្រោះរាងតូចសំឡេងក៏បាន បូករួមទាំងភាពក្លាហាននិងប៉ិនប្រសប់ផងដែរ។

មិនតែប៉ុណ្ណោះ គេឃើញថាអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកបានចែករំលែកការឡើងសម្ដែងបទចម្រៀងមួយនេះរបស់ ណូណូកា យ៉ាងច្រើន និងសរសើរថាខ្ជូតខ្លាំងមែនទែន។ បើចង់ដឹងថា ការសម្ដែងរបស់នាងមានភាពល្អយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៕

វីដេអូ៖

Leave a Reply