រូបចាក់ដោតមួយនេះ បង្ហាញថាទោះមានងារជាជំទាវ នៅ សូនីតា រឹតយល់ចិត្តស្រលាញ់ថ្នាក់ថ្នមស្វាមីមិនឲ្យទាស់ចិត្ត

ភ្នំពេញ៖ ទោះបី សព្វថ្ងៃ នៅ សូនីតា ដែលប្រិយមិត្តរាល់គ្នា​ស្គាល់តាមរយៈការសម្ដែងខ្សែភាពយន្ត ក៏ដូចជាពិធីការិនីដ៏ឆ្នើមក្នុងកម្មវិធីធំៗជាច្រើន មិនសូវលេចមុខក្នុងសិល្បៈច្រើនដូចមុនក្ដី ប៉ុ​ន្តែរូបនាង នៅតែជាទីចាប់អារម្មណ៍ពីសំណាក់ហ្វេនៗដដែល។

អ្វីដែលពិសេសនោះគឺ តារាស្រីរូបនេះ តែងបង្ហាញពីជីវិតគ្រួសារតូចមួយ មើលទៅសាមញ្ញៗ ប៉ុន្តែពោរពេញដោយសុភមង្គលយ៉ាងខ្លាំង ដោយរូបនាង តែងបង្ហោះរូបភាព និងវីដេអូសកម្មភាពនានាជាច្រើន។ លើសពីនេះ អ្វីដែលធ្វើឲ្យមហាជនកោតសរសើរដល់ នៅ សូនីតា គឺទោះបីសព្វថ្ងៃ មានងារជាជំទាវទៅហើយ ក៏នៅតែរក្សាអត្តចរិតរួសរាយ មិនឆ្មើងឆ្មៃ ជាពិសេស គោរពស្រលាញ់ថ្នាក់ថ្នមស្វាមីមិនឲ្យទាស់ចិត្ត។

ជាក់ស្ដែង កាលពីប៉ុន្មានម៉ោងមុននេះ សូនីតា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក អំពីសកម្មភាពដែលរូបនាង បានបង្កភាពភ្ញាក់ផ្អើលដល់ស្វាមីជាទីស្រលាញ់ក្នុងថ្ងៃខួបកំណើត លោក ទិត្យ ថាវរិទ្ធ ដោយបានរៀបចំប៉េងប៉ោងជាច្រើនក្នុងបន្ទប់ និងមានការដាក់អក្សរ Happy Birthday Husband ទៀតផង មើលទៅជាសកម្មភាពធម្មតាៗ ប៉ុន្តែរ៉ូមែនទិកខ្លាំង។

ក្នុងនោះដែរ តាមរយៈរូបភាពមួយសន្លឹក នៅ សូនីតា បានបង្ហាញការមើលថែចំពោះស្វាមី យ៉ាងដិតដល់ ដោយការលាងជើងជូនម្ចាស់បេះដូង សម្លឹងមើលក្នុងកែវភ្នែកគោរព ហើយពោរពេញដោយក្ដីស្រលាញ់ធំធេងខ្លាំងណាស់។ ក្រោយឃើញរូបភាពទាំងនោះហើយ ដែលបណ្ដាលឲ្យហ្វេនៗមិនសរសើរមិនបានចំពោះ នៅ សូនីតា និងស្វាមី រហូតមានអ្នកខ្លះដាក់ងារជា គូស្វាមីគំរូ ថែមទៀតផង៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម​៖

Leave a Reply